កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្ដម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ កិច្ចប្រជុំផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួម ពីតំណាងប្រតិភូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក លោកស្រី តំណាងរតនាគារខេត្ត, លោក លោកស្រី តំណាងមន្ទីរ-អង្គភាព, លោក លោកស្រី តំណាងការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង/ស្រុក, លោក លោកស្រី អភិបាល នៃគណៈអភិបាល ក្រុង/ស្រុកផងដែរ៕ កិច្ចប្រជុំនេះ ផ្តោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖
១- ណែនាំជារួមអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេលមធ្យម, គោលការណ៍រួម នៃការគ្រោងថវិកាឆ្នាំ២០២៧, និងនីតិវិធីនៃការរៀបចំថវិកាឆ្នាំ២០២៧ របស់មូលនិធិជាតិជំនួយសង្គម
២-ត្រៀមលក្ខណៈបុរេសកម្ម និងសកម្មក្នុងការអនុវត្តនូវនីតិវិធីហិរញ្ញវត្ថុថ្មីៗ ក្នុងបរិបទនៃការធ្វើទំនើបកម្មក្របខណ្ឌច្បាប់ និងបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមាន៖ ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ,ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣, អនុក្រឹត្យ ស្តីពីគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈឆ្នាំ២០២៣, អនុក្រឹត្យ ស្តីពីការគ្រេប់គ្រងថវិកា គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ឆ្នាំ២០២៤,ប្រកាស ស្តីពីវិធាន និងនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ឆ្នាំ២០២៥ និងប្រកាស ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាឆ្នាំ២០២១ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងនីតិវិធីហិរញ្ញវត្ថុ ផ្សេងៗទៀត។